ខេត្ដតាកែវ៖ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពីកាតព្វកិច្ចរបស់និយោជកលើការអនុវត្តការចុះបញ្ជិកាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្តម មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោកអគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានស្តារសម្បទា អគ្គនាយករងស្តារសម្បទា តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងមូលនិធិជនពិការ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) តំណាងរោងចក្រ សហគ្រាស វិស័យឯកជន ប្រមាណចំនួន ១០០នាក់ ដែលសហការរៀបចំដោយនាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្ទីរ ស.អ.យ. ខេត្តតាកែវ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម គណៈអធិបតីក៏បានផ្តល់អនុសាសន៍គន្លឹះដូចខាងក្រោម៖
១. ស្នើសុំគ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ទាំងអស់បន្តចូលរួមក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារឱ្យកាន់តែមានប្រសិទ្ធភាព
២. ស្នើដល់គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន មកចុះបញ្ជិកា និងបន្តសុពលភាពវិញ្ញាបនបត្រ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
៣. គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ត្រូវរៀបចំផែនការ និងជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបានគ្រប់អត្រាកំណត់នៃច្បាប់ ១%
៤. ផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិក ដែលមានពិការភាព ទៅសម្ភាសន៍អត្តសញ្ញាណកម្មពិការភាព នៅតាម ឃុំ/សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា
៥. រៀបចំ ឬកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ និងផាសុកសមរ្យ) សម្រាប់ជនមានពិការភាព នៅតាមស្ថាប័នរបស់ខ្លួនឱ្យបានសមស្រប
៦. ផ្តល់ការលើកទឹកចិត្តសមស្របដល់ជនមានពិការភាពដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានរបស់ខ្លួន៕
#អត្ថបទពី ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា