ឯកឧត្តម ចាប តូ ថ្លែងថាប្រជាជនម្នាក់ត្រូវលេងកីឡាមួយប្រភេទពីព្រោះកីឡានាំមកនូវសុខភាព សន្តិភាព និងការអភិវឌ្ឍ
ខេត្តស្វាយរៀង៖ ការថ្លែងបែបនេះរបស់ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ក្នុងឱកាសបើកការប្រកួតកីឡាបាល់ទាត់មិត្តភាពយុវជនភូមិថ្មីពានរង្វាន់ សមាគមតន្ត្រីសំនៀងជនពិការ នាថ្ងៃទី១៤-១៥ខែឧសភា ឆ្នាំ២០២៥នេះ នៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមបើកដោយលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិកប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកអភិបាលរង នៃគណៈអភិបាលក្រុងបាវិត លោក-លោកស្រី តំណាងមន្ទីរជុំវិញខេត្ត សិល្បករ សិល្បការិនី សប្បុរសជន ក្រុមការងារ មន្ត្រីរាជការមានពិការភាព មកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កូនក្មួយជាសិស្ស និស្សិត កីឡាករទាំងអស់ លោកចៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ រូបឯកឧត្តមផ្ទាល់និងក្រុមការងារដែលបាន ខិតខំរៀបចំការប្រកួតនេះឡើង ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ឯកឧត្តមបានបន្តទៀតថា៖ កីឡារស់នៅក្នុងសន្តិភាព បើគ្មានសន្តិភាពក៏គ្មានកីឡាដែរ យើងទាំងអស់គ្នាដឹងហើយថា នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍ស៊ីហ្គេមទទួលបានជោគជ័យល្បីល្បាញពេញពិភពលោកក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេច បានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការលើកកម្ពស់វិស័យកីឡា។ ក្នុងនោះសម្តេចតេជោបានលើកទឹកចិត្តដល់ ឯកឧត្តម ចាប តូ និងក្រុមកីឡាពិការថា ចាញ់ឈ្នះមិនសំខាន់ទេ អ្វីដែលសំខាន់យើងធ្វើម្ចាស់ផ្ទះឲ្យបានល្អ ខំប្រឹងថែមទៀត។
ឯកឧត្តម ចាប តូ បានបន្តឱ្យដឹងទៀតថា៖ជាការពិត ការប្រកួតកីឡាបាល់ទាត់មិត្តភាពយុវជនភូមិថ្មីដើម្បីជ្រើសរើសជើងឯកត្រូវបានធ្វើឡើងក្នុង ០១ឆ្នាំម្តង បានឆ្លុះបញ្ចាំងឱ្យឃើញនូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង ក្លឹបនិងក្លឹប ជាងនេះទៀតក៏ជាឱកាសសម្រាប់ការផ្លាស់ប្តូរ ទាំងបច្ចេកទេស បទពិសោធន៍ ក្នុងការប្រកួត ដែលជាមរតកវប្បធម៌ និងជា សិល្បៈ ការពារខ្លួនរបស់សមាគម ក្លឹប ឬក្រុមកីឡានីមួយៗ។
ឯកឧត្តមសង្កត់ធ្ងន់ថា៖ ការប្រកួតកីឡាពេលនេះជាការបំផុសស្មារតីមហាជន ឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិកម្ពុជាទៅដល់ទីណាគឺមានទង់ជាតិកម្ពុជាបង្ហាញឲ្យអន្តរជាតិបានស្គាល់នៅទីនោះ។
ឯកឧត្តម បានអំពាវនាវដល់ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិច កីឡាជួយឲ្យយើងមានសុខភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ ពិសេសមានទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពនិងមិនតែប៉ុណ្ណោះកីឡាក៏បានចូលរួមចំណែកកាត់បន្ថយនូវភាពតានតឹងផ្លូវចិត្ត បញ្ជៀសនូវការប្រព្រឹត្តអំពើអបាយមុខនិងអំពើខុសច្បាប់នានា ក្នុងសង្គម រួមមានជាអាទិ៍៖ ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារជាដើម។
ឯកឧត្តម ចាប តូ បានផ្តាំផ្ញើទៅយុវជន យុវនារី កម្ពុជាទាំងអស់រាប់ទាំងកីឡាករនៅទីនេះ ត្រូវខិតខំថែរក្សារាងកាយ និងកុំប៉ះពាល់ ឱ្យសោះជាមួយនិងគ្រឿងញៀន ព្រោះវាបំផ្លាញទៅដល់អនាគតរបស់យើង ទាំងការរៀនសូត្រ ការប្រកបមុខរបរ ការងារ និងសុភមង្គលគ្រប់បែបយ៉ាង។
ការប្រកួតអស់រយៈពេល២ថ្ងៃនៅរសៀលថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៥ យើងបានរកឃើញក្រុមកីឡាករដែលទទួលបានជ័យជំនះចំនួន៤ក្រុមមានចំណាត់ថ្នាក់លេខ១ដល់៤ក្នុងចំណោម១៦គូស្មើ៣២ក្រុម និងនៅពេលរាត្រីក៏បានរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរញាំងបរិយាកាសជូនដល់ បងប្អូន ពុកម៉ែ ប្រជាពលរដ្ឋ ទស្សនាដើម្បីធ្វើឱ្យកាន់តែមានភាពសប្បាយរីករាយ៕